សុខ រក្សា ៖ ដាវី ថតMV​ "សង្សារ​ខ្ញុំ​ចរិត​បាន​" លើស​ហើយ​ខ្ញុំ​ទទួល​យក​មិន​បាន​ (មានវីដេអូ)

សិល្បៈ ៖ ចំណង​ស្នេហ៍ ​កុល ​ដាវី ​និង​ សុខ រក្សា​ បាន​ឆ្លងកាត់​ព្យុះ​ព័ត៌មាន​អាស្រូវ​រាប់មិនអស់​ ហើយ​អ្នក​ទាំង​ពីរ​ក៏​ធ្លាប់​បាន​ប្រាប់​ដូច​គ្នា​ថា ​ពួកគេ​ស្រឡាញ់​គ្នា​ស្មោះ​ ដូច្នេះ​ហើយ​រឿងរ៉ាវ​អតីតកាល​គេ​មិន​គិត​ឡើយ។​ ការ​អះអាង​នេះ​គឺ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ កុល ដាវី​ ព្យាយាម​ដក​ខ្លួន​ពី​អាជីព​សិល្បៈ​ ដោយ​មាន​ព័ត៌មាន​ថា នាង​ធ្វើ​ឡើង​ ដើម្បី​ផ្គាប់ចិត្ត​គូស្នេហ៍​លោក​ សុខ រក្សា​។ ​តែ​ការ​កាត់បន្ថយ​វត្តមាន​សិល្បៈ​នេះ​ ក៏​បាន​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​ កុល​ ដាវី​ រសាត់​ពី​អារម្មណ៍​ទស្សនិកជន​បន្តិច​ម្ដង​ៗ រហូត​នាង​ភ័យ​ព្រួយ​ខ្លាច​បាត់​ឈ្មោះ​ក៏​បាន​សម្រេច​ចិត្ត​វិល​មក​ក្រសោបយក​ការងារ​សិល្បៈ​ជា​ថ្មី​ ដោយ​បាន​ថត ​MV​ខារ៉ាអូខេ​បទ "សង្សារ​ខ្ញុំ​ចរិត​បាន​" ឱ្យ​ផលិតកម្ម​ យូ ​ ​ដែល​មាន​ឈុត​ស្នេហា​ក្ដៅ​សាច់​ជា​ច្រើនឆាក​​​ ហើយ​ខ្សែ​វីដេអូ​នេះ​ក៏​ជួយ​ឱ្យ​ប្រជាប្រិយភាព​នាង​ក៏​ហក់​ឡើង​មក​វិញ​ ដោយ​មាន​ទាំង​ការរិះគន់​ និង​កោតសរសើរផងដែរ​។ ​កាយវិការ​បទ​ចម្រៀង​ខាងលើ​នេះ​ក៏​កើត​មាន​ព័ត៌មាន​ថា​ បាន​ធ្វើ​ឱ្យ​លោក​ សុខ រក្សា​ ​ប្រចណ្ឌ​ជា​ខ្លាំង​ រហូត​បង្ក​ឱ្យ​ពួកគេ​មាន​បញ្ហា​ល្អក់កករ​នឹង​គ្នា​ថែម​ទៀត​ផង​ ប៉ុន្តែ​ព័ត៌មាន​នេះ​អ្នកទាំងពីរ​ធ្លាប់​បាន​បដិសេធច្រើនលើកមកហើយ​ ទើប​តែ​ព្រឹក​នេះ ​កុល ដាវី​ បាន​ប្រាប់​ kqube.net ​ថា ​"ការ​ដែល​ខ្ញុំ​ថត​ ​MV​បទ សង្សារ​ខ្ញុំ​ចរិត​បាន​ ដែល​ក្រសួង​ហាម​មិន​ឱ្យ​ចេញ​លក់​នោះ​ ក៏​បាន​ធ្វើ​ឱ្យ​បង​ រក្សា​ ខឹង​ប្រចណ្ឌ​ខ្លាំង​ដែរ ​ព្រោះ​គាត់​ទទួល​យក​មិន​បាន​ តែ​ពេល​គាត់​ដឹង​ថា​តួ​ប្រុស​ត្រូវ​ជា​ប្អូន​ៗ​រាប់​អាន​ជា​មួយ​ខ្ញុំ​គាត់​ក៏​ឈប់​ប្រកាន់​ទៅ​"។ ​ជាមួយ​គ្នា​នេះ​លោក​ សុខ រក្សា​ ក៏​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ​"ចំពោះ​ការ​ថត​ MV​ បទ​ចម្រៀង​ សង្សារ​ខ្ញុំ​ចរិត​បាន​ មិន​ត្រឹម​តែ​ខ្ញុំ​ទេ ​ដែល​ទទួល​យក​មិន​បាន​ ខណៈ​ដែល​ឃើញ​ អាវី​ ថត​បែប​ហ្នឹង​ សូម្បី​តែ​មន្ត្រី​ក្រសួង​វប្បធម៌​ ក៏​ទទួល​យក​មិនបាន​ដែរ​ គឺ​គាត់​ធ្វើ​លើស​តែ​ម្ដង​ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​តែង​ជួយ​ឱ្យ​យោបល់​គាត់​ និង​បាន​ហាម​មិន​ឱ្យ​គាត់​ទទួល​ថត​បែប​ហ្នឹង​បន្ត​ទៀត ​ព្រោះ​វា​មិន​បាន​ជួយ​លើក​កេរ្តិ៍ឈ្មោះ​ទេ​ គឺ​មាន​តែ​មាន​គេ​រិះគន់​ទៅ​វិញ​"៕

No comments

Powered by Blogger.